ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មុនពេលធ្វើដំណើរទៅដល់ប្រទេសចិននៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ បានបញ្ចេញសារជាវីដេអូមួយ ដោយសង្កត់ធ្ងន់ថា ប្រទេសយក្សទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគ្នាទៅវិញទៅមកលើគ្រប់បញ្ហាទាំងអស់ ជាពិសេសគឺការការពារឯកភាពជាតិ និងអធិបតេយ្យភាពទឹកដីរបស់ខ្លួន។

Asian Dot

លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ពូទីន បានបង្ហាញក្តីរំភើប និងមោទកភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីនេះ ដោយលោកលើកឡើងថា ចំណងមិត្តភាពរវាងរុស្ស៊ី និងចិន នៅពេលនេះ បានឈានដល់កម្រិតកំពូលមួយដែលមិនធ្លាប់មានពីមុនមក តាមរយៈការមានទំនុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

ការថ្លែងសារដ៏កក់ក្តៅនេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈសម្រាប់ការជំនួបពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ស្អែកនេះ។ មេដឹកនាំរុស្ស៊ីបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដោយឈរលើគោលការណ៍ស្មើភាព ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈរនៅពីក្រោយគ្នាជានិច្ចដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ ទោះបីជាលោកមិនបានលម្អិតស៊ីជម្រៅពីគម្រោងបន្ទាប់ក៏ដោយ។

ក្រៅពីកិច្ចសហប្រតិបត្តិការទូទៅ លោក ពូទីន ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្ន រុស្ស៊ី និងចិន កំពុងតែពង្រីកទំនាក់ទំនងរវាងគ្នាយ៉ាងសកម្ម ទាំងលើវិស័យសេដ្ឋកិច្ច នយោបាយ និងវិស័យការពារជាតិ។ លោកបានចាត់ទុកថាសម្ព័ន្ធភាពដ៏រឹងមាំ និងយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងនេះ គឺជារបាំងការពារដ៏សំខាន់មួយ ក្នុងការជួយរក្សាស្ថិរភាព និងលំនឹងនយោបាយនៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះបានបកស្រាយច្បាស់ៗថា ការចាប់ដៃគ្នាយ៉ាងណែនរវាងរុស្ស៊ី និងចិន នៅពេលនេះ មិនមែនធ្វើឡើងក្នុងបំណងប្រឆាំង ឬបង្កើតសត្រូវជាមួយប្រទេសណាមួយនោះឡើយ។ ផ្ទុយទៅវិញ ការរួបរួមគ្នានេះ គឺធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបុព្វហេតុសន្តិភាព និងការនាំមកនូវភាពរីកចម្រើន រុងរឿង រួមគ្នាសម្រាប់មនុស្សជាតិទាំងអស់នៅលើពិភពលោក៕