ព្រឹត្តិការណ៍មិនធ្លាប់មានសោះឡើយក្នុងប្រវត្តិសាស្ត្រសង្គ្រាម បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយកងកម្លាំងអ៊ុយក្រែនបានបាញ់បង្ហោះដ្រូន (Drone) រហូតដល់ទៅ ១,០០០ គ្រឿង វាយប្រហារទូទាំងប្រទេសរុស្ស៊ីត្រឹមតែក្នុងរយៈពេលមួយថ្ងៃ ដែលនេះត្រូវបានកត់ត្រាជាការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីផ្ទុះសង្គ្រាមឆ្នាំ២០២២ មក។

អ៊ុយក្រែនវាយប្រហារដ្រូន ១០០០គ្រឿង ចូលរុស្ស៊ី
តាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី ក្នុងចំណោមដ្រូនទាំងនោះ មានជិត ២០០ គ្រឿងបានតម្រង់ទិសដៅវាយប្រហារចំរដ្ឋធានីមូស្គូ។ ការវាយប្រហារនេះបានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងដំណំ ជាពិសេសគឺការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រចម្រាញ់ប្រេង Kapotnya ដែលជាប្រភពផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងសាំងរហូតដល់ទៅ ៥០% សម្រាប់ទីក្រុងមូស្គូ។

បំណែកកម្ទេចកម្ទី និងការខូចខាតនៅតំបន់ជុំវិញទីក្រុងមូស្គូ ក្រោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន
ក្រៅពីរោងចក្រចម្រាញ់ប្រេង បំណែកកម្ទេចកម្ទី និងការធ្លាក់ចំគោលដៅនៃដ្រូន ក៏បានបំផ្លាញទីតាំងស៊ីវិលមួយចំនួនទៀត រួមមាន៖
- មជ្ឈមណ្ឌលហាត់ប្រាណនៅក្នុងតំបន់ Lyubertsy
- អគារស្នាក់នៅមួយចំនួនរបស់ប្រជាពលរដ្ឋ
- ផ្សារទំនើបធំៗដូចជា Sadovod និង Mega Belaya Dacha
ព្រឹត្តិការណ៍ដ៏រន្ធត់នេះក៏បានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិធំៗទាំង៤ របស់ទីក្រុងមូស្គូ រួមមាន Sheremetyevo, Domodedovo, Vnukovo និង Zhukovsky ត្រូវបង្ខំចិត្តបិទប្រតិបត្តិការ និងផ្អាកជើងហោះហើររាប់រយជើងភ្លាមៗ។ របាយការណ៍បឋមបានបង្ហាញថា មិនមានមនុស្សបាត់បង់ជីវិតឡើយ ប៉ុន្តែមានមនុស្សចំនួន ១៧ នាក់បានរងរបួសនៅក្នុងរដ្ឋធានី។
ភ្លាមៗបន្ទាប់ពីការវាយប្រហារនេះ វិមានក្រឹមឡាំងបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង។ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រកាសនៅក្រៅជំនួបនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ថា រុស្ស៊ីនឹងបើកការវាយប្រហារជាក្រុមទ្រង់ទ្រាយធំ និងជាប្រចាំ ដើម្បីសងសឹកវិញទៅលើរាល់គោលដៅទាំងឡាយណា ក្នុងប្រទេសអ៊ុយក្រែន ដែលគាំទ្រដោយផ្ទាល់ដល់សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធទីក្រុងកៀវ ដោយលោកសង្កត់ធ្ងន់ថា «ត្រឹមតែពាក្យសម្តីគឺមិនគ្រប់គ្រាន់នោះទេ»។



