ប្រទេសកូរ៉េខាងជើង នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតយ៉ាងធ្ងន់ៗ ដោយចោទប្រកាន់ថា ប្រទេសទាំងនោះកំពុងតែញុះញង់ និងបង្កើនការព្រួយបារម្ភដល់ពិភពលោក ជុំវិញការរស់ឡើងវិញនៃរបបណាស៊ី។ ការចេញមុខរិះគន់ចំៗបែបនេះ បានធ្វើឡើង ចំថ្ងៃខួបនៃការឈ្លានពានរបស់អាល្លឺម៉ង់ណាស៊ី ទៅលើអតីតសហភាពសូវៀត។

Asian Dot

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ការទូត រិះគន់ការលូកដៃរបស់សហរដ្ឋអាមេរិក និងបស្ចិមប្រទេសនៅក្នុងវិបត្តិអ៊ុយក្រែន

តាមរយៈអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង បានអះអាងថា «កងកម្លាំងណាស៊ីសម័យទំនើប» បាននិងកំពុងលេចរូបរាងឡើងវិញ ដែលវាកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំង និងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អនាគតរបស់មនុស្សជាតិ។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់នៃរបបណាស៊ីថ្មីនេះ កំពុងតែស្តែងឡើងយ៉ាងច្បាស់ តាមរយៈស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។ កូរ៉េខាងជើង បានបន្ថែមទៀតថា បញ្ហានេះមិនអាចកាត់ផ្តាច់ចេញពីល្បិចកលរបស់សហរដ្ឋអាមេរិក និងបស្ចិមប្រទេស ដែលបាននិងកំពុងចេញមុខការពារ ក៏ដូចជាគាំទ្រអ៊ុយក្រែនយ៉ាងងងើលនៅលើឆាកអន្តរជាតិនោះឡើយ។

ជាមួយគ្នានេះដែរ ទីក្រុងព្យុងយ៉ាង បានប្តេជ្ញាចិត្តថា ខ្លួននឹងបន្តតទល់ និងរារាំងរាល់ការប៉ុនប៉ងរបស់ពួកចក្រពត្តិនិយម ក្នុងការរស់ឡើងវិញនៃរបបណាស៊ី ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងយុត្តិធម៌អន្តរជាតិ។ ការចេញមកថ្លែងការណ៍រិះគន់ក្នុងន័យឌឺដងបែបនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការជួយការពារ និងផ្តល់ភាពស្របច្បាប់ដល់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ព្រមទាំងដើម្បីបង្ហាញពីភាពស្អិតរមួត និងសាមគ្គីភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូផងដែរ។

គួររំឭកផងដែរថា អាល្លឺម៉ង់ណាស៊ី បានវាយលុកចូលឈ្លានពានសហភាពសូវៀតកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះ ទាហាន និងប្រជាជនស៊ីវិលរបស់សហភាពសូវៀតប្រមាណ ២៧លាននាក់បានបាត់បង់ជីវិត ហើយបច្ចុប្បន្នប្រទេសរុស្ស៊ី តែងតែប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការចងចាំ និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិត។