ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសក្ដែងៗថា ប្រសិនបើគ្មានមីស៊ីលការពារខ្លួនទេនោះ ប្រទេសអ៊ីរ៉ង់ច្បាស់ជាត្រូវរងវាសនាខ្ទេចខ្ទីគួរឱ្យអាសូរដូចជាតំបន់ហ្គាហ្សាទៅហើយ។ លោកបានបញ្ជាក់យ៉ាងដាច់អហង្ការថា កម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ គឺជារឿងដាច់ខាតដែលមិនអាចយកមកចរចា ឬដោះដូរជាមួយនរណាម្នាក់បានឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

Asian Dot

ប្រព័ន្ធមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ ដែលត្រូវបានអភិវឌ្ឍតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ សម្រាប់ការពារទឹកដី

ការថ្លែងសារដ៏ធ្ងន់ៗនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលលោកកំពុងបំពេញទស្សនកិច្ចកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយ ក្នុងការចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានបន្ថែមថា បើគ្មានមីស៊ីលទេ មហាអំណាចអាមេរិក និងអ៊ីស្រាអែល ច្បាស់ជាចូលមកកម្ទេចទឹកដីអ៊ីរ៉ង់យ៉ាងសាហាវឃោរឃៅ ដោយមិនលើកលែងសូម្បីតែជីវិតមនុស្សចាស់ ឬក្មេងតូចៗឡើយ។

ស្របពេលជាមួយគ្នានោះដែរ លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានចេញមុខមកអះអាងដែរថា នៅក្នុងកិច្ចព្រមព្រៀងបឋមរវាងអាមេរិក អ៊ីរ៉ង់ និងភាគីសម្របសម្រួល គឺមិនមានការលើកឡើងពីបញ្ហាមីស៊ីលបាលិស្ទិកនេះឡើយ។ លោកបានសង្កត់ធ្ងន់ថា ពិភពលោកមិនគួរមានស្តង់ដារពីរឡើយ ដោយបណ្តោយឱ្យប្រទេសខ្លះមានមីស៊ីល រីឯអ៊ីរ៉ង់មិនអាចមានទៅវិញ ព្រោះវាជារឿងមិនយុត្តិធម៌ទាល់តែសោះ។

ព័ត៌មានបន្ថែម៖ ប្រព័ន្ធមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើងដំបូង ដើម្បីបង្កើនសមត្ថភាពការពារអាកាស កាលពីសម័យសង្រ្គាមជាមួយអ៊ីរ៉ាក់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយអាវុធទាំងនោះ ត្រូវបានអភិវឌ្ឍឱ្យកាន់តែបាញ់បានឆ្ងាយ និងចំគោលដៅកាន់តែច្បាស់រហូតមកដល់បច្ចុប្បន្ន។

កន្លងមក អាមេរិកធ្លាប់បានព្យាយាមបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីលនេះ រួមទាំងការបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធផ្សេងៗផងដែរ ប៉ុន្តែថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាមានជំហរទន់ភ្លន់ជាងមុន ដោយលោកបានលួចបង្ហើបក្នុងកិច្ចប្រជុំ G7 នៅប្រទេសបារាំងថា វាពិតជាអយុត្តិធម៌បន្តិចមែន បើប្រទេសដទៃមានមីស៊ីលបាន តែបែរជាហាមមិនឱ្យអ៊ីរ៉ង់មានទៅវិញ។